សេចក្តីប្រកាសព័ត៌មាន

  • ខែ​មីនា 27, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ អន្ត​រាគម​ជួយ​ពលករ​-ពល​កា​រិ​នី​ខ្មែ​រ​៤​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលករ-ពលការិនីខ្មែរចំនួន៤នាក់ ដូចខាងក្រោម៖

(១) ពលការិនី .ឡ ​ អាយុ២៣ឆ្នាំ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរ​តាមរថយន្ត​កាត់តាមព្រំដែនប្រទេសថៃទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា​។ ដោយធ្វើការលំបាក នាង​បាន​ទៅស្ថានទូតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និង​ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិត​ឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

(២) ពលការិនី .. អាយុ៣៧ឆ្នាំ មកពីស្រុកអូររាំងឳ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់​បោក​ បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រ​អារឈើ​ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានស្នើសុំកិច្ច​អន្តរាគមន៍ពីស្ថាន​ទូតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

(៣)   ពលករ .. អាយុ២៧ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់​បោក​ បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រ​អារឈើ​ ​តាំងពីឆ្នាំ២០១៤។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលករបានស្នើសុំកិច្ច​អន្តរាគមន៍ពី​ស្ថានទូត​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

(៤) ពលការិនី .. អាយុ៣៣ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទៅម៉ាឡេស៊ី​ធ្វើការ​នៅហាងហ្គេមកំសាន្តមួយកន្លែង កាលពីឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់​មក​កម្ពុជាវិញ នាងស្នើសុំកិច្ច​អន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងផ្តល់កន្លែង​ស្នាក់​ នៅនិងអាហារបរិភោគជូនដល់ពលករ-ពលការិនីទាំងនាក់ ហើយពួកគេបានមកដល់​អាកាសយានដ្ឋាន ​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាម​ជើង​យន្តហោះ​ AK536

                                                               ភ្នំពេញ, ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ ២០១៧