ដំណឹង

  • ខែ​មីនា 27, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតអោយ ឯកឧត្តម Xu Bu ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៣:០០ រសៀល នៅទីស្ដីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកឧត្តម XU BU ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន នៅទីក្រុងហ្សាការតា ចូលជួបសម្ដែងការគួរសម។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់ឯកឧត្តម XU BU ដែលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងទាំង​ទំនាក់ទំនងទ្វេភាគីកម្ពុជានិងចិន និង​ទាំង​អាស៊ាន-ចិន។

ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី និងបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាង និងកិច្ចសហប្រតិបតិ្តការដ៏មានតម្លៃរបស់ចិនក្នុងរយៈកាលកន្លងមក លើ​គ្រប់​វិស័យដែលបានរួមចំណែកយ៉ាងសំខាន់ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវ​រដ្ឋ​ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន មកកម្ពុជាកាលពីឆ្នាំមុន បាន​បង្ហាញ​ពី​ថាម​ភាព​នៃ​ទំនាក់​ទំនងពិសេស​រវាង​ប្រទេស​ទាំង​ពីរ​ បញ្ជាក់​ពី​ភាពជា​ដៃគូ​ដ៏​រឹង​មាំ​​ ដើម្បី​សន្តិភាព សន្តិសុខ និង​ស្ថិរភាព សម្រាប់​តំបន់​ និង​ការ​គោរព​គ្នា ការ​ជួយ​គាំ​ទ្រ​គ្នា និង​ការ​ជឿទុក​ចិត្តគ្នា​ទៅ​វិញ​ទៅ​មក។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការការពារ និង​ថែទាំ​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដើម្បីជាប្រយោជន៍ដល់ការរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់អំពីសមិទ្ធផលធំៗ ដែលអាស៊ាន និងចិន សម្រេចបានក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន និងការអនុម័តឯកសារសំខាន់ជាច្រើន រួមមាន សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ាន និងចិន ស្តីពី ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ការបង្កើតខ្សែទូរស័ព្ទពិសេសរវាងក្រសួងការបរទេសនៃប្រទេសសមាជិកអាស៊ាននិងចិន និងការចេញសេចក្តីប្រកាសរួមស្តីពីការអនុវត្តក្រមសម្រាប់ការពើបប្រទះដោយមិនបានគ្រោងទុកនៅសមុទ្រ(CUES) នៅក្នុងសមុទ្រចិនខាងត្បូង និងការតាក់​តែង​ក្របខណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC framework) ឲ្យបាននៅពាក់​កណ្តាលឆ្នំា២០១៧។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដើម្បីចូល​រួម​ចំណែក​ក្នុង​ការ​តាក់​តែង​ COC framework ឲ្យបានឆាប់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួមអាស៊ាន-ចិនស្តីពី DOC លើកទី២០ ពីថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់​នូវការវិវឌ្ឍល្អ​ និងសភាពការណ៍ជាវិជ្ជមានថ្មីៗ នៅសមុទ្រចិនខាងត្បូង និងបានបញ្ជាក់ទ្បើងវិញអំពីជំហររបស់កម្ពុជាគាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍ DOC ឲ្យបានពេញ​លេញ មានប្រសិទ្ធភាព និងទាំងស្រុង ដើម្បីបង្កើតឲ្យមានបរិយាកាសអំណោយផល ដល់ការឈានទៅសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC) មួយដ៏ចាំបាច់ និងប្រកបដោយប្រសិទ្ធភាព។​ ចំពោះជម្លោះដែនដី និងអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូស​បញ្ជាក់​ថា​ ត្រូវដោះស្រាយដោយភាគីពាក់ព័ន្ធដោយផ្ទាល់ ដោយអនុលោមតាមគោលការណ៍នៃច្បាប់អន្តរជាតិនានា ដែលត្រូវ​បានទទួលស្គាល់ជាសកល រួមទាំងអនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។

ឯកឧត្តម XU BU បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការ បរទេសចិន ជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងបានបញ្ជាក់ថា ចិនតែងតែចាត់ទុកកម្ពុជា ជាមិត្តជិតស្និទ្ធដ៏សំខាន់ និងជាដៃគូដែលគួរទុកចិត្ត ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រទេស និងសម្របសម្រួលគ្នាដោះស្រាយនូវបញ្ហាតំបន់ និងអន្តរជាតិនានា។ ចិន យល់ថា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរទ្បើង។

ឯកឧត្តម XU BU បានកត់សម្គាល់អំពីការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងអាស៊ាន​-ចិន ជាពិសេស     សមិទ្ធផលដែលសម្រេចបានកន្លងមកលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ដែលបានឆ្លុះបញ្ជាំងអំពីភាពស៊ីជម្រៅ និងភាពជិតស្និទ្ធនៃទំនាក់ទំនងអាស៊ាន និងចិន។ ក្នុងន័យនេះ ​ឯកឧត្តម​  XU BU បានបញ្ជាក់សារជាថ្មីថា ចិននឹងខិតខំជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីបញ្ចប់ការរៀបចំតាក់តែងក្របខណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ឲ្យបាននៅពាក់កណ្តាលឆ្នាំ២០១៧។

ឯកឧត្តម XU BU បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសសមាជិកអាស៊ាន ដែលបានរួម​ចំណែកយ៉ាងសកម្មដល់ការរក្សាសន្តិភាព​ សន្តិសុខ ស្ថិរភាព នៅក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម XU BU ក៏បានពិភាក្សាពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈមក្នុងតំបន់ និងបញ្ហាអន្តរជាតិរួមមាន​បញ្ហាភេរវកម្ម បញ្ហាអ៊ីស្លាមជ្រុលនិយម​ ជាដើម​។

កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែង និងចំណងដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន និងបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧