ព័ត៌មាន

  • មិនា ២៩, ២០១៧

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទូលជួបលោក មុំ រ៉ាឌី

នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧​ វេលាម៉ោង​១០:០០ នៅទីស្តីការក្រសួង ឯកឧត្តម         ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម រ៉ាឌី មុំ (Rady Mom) សមាជិកសភារបស់រដ្ឋម៉ាស្សាឈូសេត (State Representative of Massachusetts) នៃសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម ក្នុងឱកាសទស្សន​កិច្ច​​របស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជាបឋម ឯកឧត្តមទេស​រដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៌យ៉ាងកក់ក្តៅចំពោះ​ដំណើរ ទស្សនកិច្ច​របស់​​ឯកឧត្តម រ៉ាឌី មុំ ហើយបានរំលឹកឡើងវិញពីការ​ជួប​សំដែង​ការគួរសម ​និងការ​ពិភាក្សា​​ផ្លាស់ប្តូរយោបល់គ្នាដ៏ជិតស្និទ្ធរវាងឯកឧត្តម រ៉ាឌី មុំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាច្រកម្ពុជា ក្នុងឱកាសទស្សនកិច្ច​រយៈពេលចុងក្រោយ​របស់​ឯកឧត្តមនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ។

ឯកឧត្តមទេស​រដ្ឋមន្រ្តី ក៏បានសម្ដែងការអបអរសារទរចំពោះឯកឧត្តម ​រ៉ាឌី មុំ ដែលជាជន​ជាតិ​ខ្មែរមួយរូប ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ហើយខិតខំតស៊ូព្យាយាមរហូត​បាន​ជាប់​​ឆ្នោត​​​​ជា​សមាជិកសភារបស់រដ្ឋម៉ាស្សាឈូសេត។

ឯកឧត្តមទេស​រដ្ឋមន្រ្តី បានជំរាបជូនឯកឧត្តម រ៉ាឌី មុំ អំពីការខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងប្រទេសជាតិ និងបានគូស​បញ្ជាក់ពីសមិទ្ធិផលទទួលបាន ពិសេស​​ការរីកចំរើនផ្នែកសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ នៅ​កម្ពុជា ។ល។

ឯកឧត្តម រ៉ាឌី មុំ បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយ ដែលបានមកបំពេញ ទស្សនកិច្ចនៅ​មាតុភូមិកម្ពុជា​ ហើយក៏បានជំរាបជូន ឯកឧត្តមទេស​រដ្ឋមន្រ្តី អំពីការចាប់អារម្មណ៍​ចំពោះ​ការរីកចម្រើនជាច្រើនដែល​​ឯកឧត្តមបានកត់សំគាល់ឃើញ ដោយប្រៀបធៀប​ទៅនឹង​ពេល​ទស្សនកិច្ចរបស់ឯកឧត្តម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយឯកឧត្តម បានវាយ​តំលៃ​ខ្ពស់​ចំពោះ​ការរីក​​ចម្រើន​ផ្នែកសេដ្ឋកិច្ច និងភាពល្អប្រសើរផ្នែកសន្តិសុខ នៅព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម រ៉ាឌី មុំ បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីបទពិសោធន៍ និងទុក្ខ​លំបាក​វេទនា​ដែលខ្លួនឯកឧត្តមផ្ទាល់បានឆ្លងកាត់ក្នុងរយៈពេលសង្គ្រាមស៊ីវិលនៅកម្ពុជា  ហើយនិងអំពីកា​រ​ខិតខំ​របស់ឯកឧត្តម​ផ្ទាល់​ក្នុងការជួយដល់សហគមន៍ខ្មែរនៅរដ្ឋម៉ាស្សាឈូសេត និងអំពីបំណងរបស់​    ឯក​ឧត្តមចង់បង្កើត​អោយ​មាន​ទំនាក់ទំនងរវាងយុវជនអាមេរិកជាមួយយុវជកម្ពុជា  ជាពិសេស​លើ​ផ្នែក​កីឡា​។

ឯកឧត្តមទេស​រដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតដ៏ល្អរបស់ឯកឧត្តម រ៉ាឌី មុំ ហើយ​ឯកឧត្តម បានវាយតម្លៃថា ទំនាក់ទំនងផ្នែកកីឡានេះ គឺជាផ្នែកដ៏សំខាន់មួយក្នុងទំនាក់ទំនង​រវាង​ប្រជា​ជននិងប្រជាជន ដែលនឹងជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនង​រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេស​រដ្ឋមន្រ្តី ក៏បានជំរាបជូនឯកឧត្តម រ៉ាឌី មុំ អំពីការរីកចម្រើន​ក្នុងកិច្ចសហប្រតិ​បត្តិការ​លើវិស័យជាច្រើនរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លើផ្នែកទេសចរណ៍ ឯកឧត្តមទេស​រដ្ឋមន្រ្តី បានសម្តែងនូវការរីករាយចំពោះការកើនឡើង​យ៉ាងខ្លាំងនូវចំនួនអ្នកទេសចរអាមេរិក មកកាន់ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​ដែលក្នុងឆ្នាំ២០១៦ កន្លង​ទៅ​នេះ មានចំនួនប្រមាណ២៤​ម៉ឺននាក់ ។

នៅលើផ្នែកពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះភាពជាដៃ​គូ​ពាណិជ្ជ​កម្ម​ដ៏សំខាន់របស់អាមេរិក តាមរយៈការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ ដល់ចំនួនជាង ៣០០០លានដុល្លា ក្នុងឆ្នាំ​២០១៦ កន្លងមកនេះ។ ឯកឧត្តម​ក៏បាន​ថ្លែង​អំណរគុណចំពោះ​សហរដ្ឋអាមេរិក ដែលបានផ្ដល់​​ដល់កម្ពុជា ក្នុងខែកក្កដាកន្លងមកនេះ នូវ​ការ​រួចពន្ធ​ (Duty Free) ចំពោះផលិតផលសម្រាប់ធ្វើដំណើរ ​(travel goods) ផលិតនៅកម្ពុជា។

លើផ្នែកវប្បធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ដ៏ល្អរវាងប្រទេសទាំងពីរ ពិសេសការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ការជួសជុលប្រាសាទ​បាក់ខែង និងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណរបស់ខ្មែរ តាមសំណើសុំរបស់​រាជរដ្ឋា​ភិ-​បាល​កម្ពុជា។

លើវិស័យយោធា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ដោយពេញចិត្តចំពោះ​កិច្ចសហ-​ប្រតិបត្តិការ​របស់អាមេរិកក្នុងការជួយកសាងនូវសមត្ថភាពរបស់កងកំលាំងរក្សាសន្តិភាពកម្ពុជា​ ដើម្បី​​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឯកឧត្តម​បានគូស​បញ្ជាក់​ថា បច្ចុប្បន្ននេះ កម្ពុជា​មានកំលាំងរក្សាសន្តិភាពចំនួនជិត៩០០នាក់​ ដែលកំពុង​ចូលរួម​ក្នុង​បេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ​ នៅប្រទេស​ស៊ូដង់ ស៊ូដង់ខាងត្បូង​ ម៉ាលី​ អាហ្រ្វិកកណ្ដាល ​និងនៅប្រទេស​លីបង់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើង​ពី​មោទនភាពជាតិរបស់ក្រុមបោសសំអាតមីនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាមានបទពិសោធន៍​និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនគណៈប្រតិភូអំពីការយកចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល​ចំពោះការបោសសំអាតមីននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា រហូត​បច្ចុប្បន្ន កម្ពុជាបានធ្វើការបោសសំអាតមីនលើផ្ទៃដីចំនួនប្រមាណ​​ ១៧០០​ គីឡូម៉ែត្រក្រឡា និង​នៅ​សល់​ប្រមាណ ១៥០០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសំអាតបន្ត និងបាន​គូស​បញ្ជាក់​ពី​ការថយចុះនៃចំនួនជនរងគ្រោះដោយសារគ្រាប់មីន ពីចំនួន ៤,៣២០​នាក់ ក្នុងឆ្នាំ១៩៩៦​ ​មកនៅត្រឹមចំនួនជាង១០០​នាក់​ ក្នុងឆ្នាំ​២០១៣-២០១៥ និង​​តិចជាង១០០​នាក់ នៅឆ្នាំ​២០១៦​កន្លង​មកនេះ ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី​ ២៩ ​ខែ មីនា ឆ្នាំ​២០១៧