សេចក្តីប្រកាសព័ត៌មាន

  • មេសា ៣, ២០១៧

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី ​អន្ត​រាគម​ជួយ​ពល​កា​រិ​នី​ខ្មែរ​៤​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៤នាក់ ដូចខាងក្រោម៖

(១) ពលការិនី .ស អាយុ២០ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានទៅ​ម៉ាឡេស៊ី​ ធ្វើការជាអ្នក​បោស​សំអាត កាលពីខែសីហា ឆ្នាំ២០១៥។ ដោយ​ការងារ​លំបាកពេក នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៧ នាង​បានស្នើសុំស្ថានទូត​ជួយអន្តរាគមន៍។

 (២) ពលការិនី . អាយុ២៨ឆ្នាំ​ មកពីស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ទៅម៉ាឡេស៊ី​ធ្វើការ​ជាអ្នកបោសសំអាត ក្នុងខែធ្នូ ឆ្នាំ២០១៥​។ ដោយធ្វើការ​លំបាក​ពេក នាងបានមកស្ថានទូត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្នើសុំ​ជួយជួយអន្តរាគមន៍។

(៣) ពលការិនី រ.យ  អាយុ៣៧ឆ្នាំ មកពីស្រុកគូលេន ខេត្តព្រះវិហារ បានទៅម៉ាឡេស៊ី​ធ្វើការ​ជា​អ្នកបោសសំអាត កាលពីខែមីនា ឆ្នាំ២០១៦។ ដោយ​ការងារ​លំបាក​ពេក នៅថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នាងបានមកស្នើសុំអន្តរាគមន៍ពីស្ថានទូត។

ពលការិនីទាំង០៣រូបខាងលើ ទៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនមួយ នៅកម្ពុជា។ ក្រោមកិច្ច​អន្តរា​គម​​ន៍​​របស់ស្ថានទូត និយោជក​របស់​ពលការិនី​ទាំង​០៣រូបខាងលើ បានយល់ព្រម​ប្រគល់​លិខិតឆ្លងដែន និង​ប្រាក់​ខែ​​ដែល​នៅ​សល់​ជូនពលការិនី។

(៤) ពលការិនី​ .គន អាយុ២៤ឆ្នាំ​ មកពីក្រុងប៉ៃលិន បានធ្វើដំណើរតាម​រថយន្តកាត់តាម​ព្រំដែន​ថៃ​ចូលទៅម៉ាឡេស៊ី ធ្វើការតាមផ្ទះ ក្នុងខែសីហា ឆ្នាំ​២០១៤ តាមរយៈ​ក្រុមហ៊ុន​មួយ​ (មិនចាំឈ្មោះ) នៅកម្ពុជា។ ដោយធ្វើការលំបាកពេក នាងបានទៅស្ថានទូត នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្នើសុំ​ជួយ​ទាមទារ​ប្រាក់ខែពីនិយោជក និងជួយឲ្យបាន​ត្រឡប់​មក​កម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់​ព្រម​​ប្រគល់ប្រាក់ខែ​ដែលនៅសល់ជូននាង។ ស្ថានទូតបានផ្តល់កន្លែង​ស្នាក់​នៅ និងអាហារបរិភោគជូនពលការិនីទាំង ០៤រូបខាងលើ ហើយ​ពួកគាត់​​​បាន​មកដល់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០​​នាទីព្រឹក តាមជើងយន្តហោះ AK 536

ភ្នំពេញ, ថ្ងៃទី​ ០៣ ខែ មេសា ឆ្នាំ ២០១៧