សេចក្តីប្រកាសព័ត៌មាន

  • មេសា ១០, ២០១៧

ស្ថាន​​តំ​ណាង​កម្ពុ​ជា​នៅ​ម៉ា​ឡេស៊ី​ និង​ចិន​ អន្ត​រាគម​ជួយ​ពល​ដ្ឋ​ខ្មែរ​៦​នាក់​

1.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលករ-ពលការិនីខ្មែរចំនួន៥នាក់ ដូចខាងក្រោម៖

() ពលករឡ.រ អាយុ២៩ឆ្នាំ និង() ពលការិនី ក.ស.រ   អាយុ២២ឆ្នាំ ដែលជាប្តីប្រពន្ធនឹងគ្នា មកពីស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម ត្រូវបាន​​មេខ្យល់នាំធ្វើដំណើរតាម​រថយន្តកាត់តាមប្រទេសថៃ​ទៅកាន់​ម៉ាឡេស៊ី ធ្វើការ​​នៅតាមរោងចក្រ​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយចង់​ត្រឡប់​មកកម្ពុជា​វិញ អ្នកទាំង​ពីរបានស្នើសុំកិច្ចអន្តរាគមន៍ពី​ស្ថានទូត​នៅ​​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៧។

ស្ថានទូតបាន​សម្រប​សម្រួលជាមួយការិយាល័យ​អន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ​ជូន​អ្នកទាំងពីរ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង:៣៥នាទីព្រឹក តាមជើង​យន្តហោះ AK536

() ពលករ ផ.ស.ភ    អាយុ៣១ឆ្នាំ     មកពីស្រុកបវេល ខេត្តបាត់ដំបង

() ពលករ ទ.រ.     ​   អាយុ២៥ឆ្នាំ​​     មកពីស្រុកបាទី ខេត្តតាកែវ

() ពលករ អ.ច.រ        អាយុ២៨ឆ្នាំ    មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ

ពលករទាំង៣នាក់ ត្រូវបានមេខ្យល់នាំទៅធ្វើការលើទូកនេសាទថៃ កាលពីឆ្នាំ២០០៣។  ដោយ​ធ្វើការ​លំបាកខ្លាំង បរិភោភមិនគ្រប់គ្រាន់ ហើយត្រូវបានថៅកែធ្វើបាបថែមទៀតនោះ អ្នកទាំង៣​បាន​ ភៀសខ្លួនចេញពីទូក រួចទៅរស់នៅនិងធ្វើការប​ន្ត​នៅរដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី។ ដោយរស់​នៅខុស​ច្បាប់ ហើយបារម្ភខ្លាចអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនផងនោះ ពលករ​​ទាំង៣នាក់ បានទាក់ទងទៅក្រុមគ្រួសារ​ដើម្បី​ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោយពីមានសំណើអន្តរាគមន៍ពីក្រុម​គ្រួសារ​របស់​ពលករ ​ ស្ថានទូតបានទាក់ទង​ជួបពលករ​ទាំង​៣​នាក់ និងបានចេញ​លិខិត​ធ្វើដំណើរជូនពួកគេ ព្រមទាំងបាន​សម្រប​​សម្រួល​ជាច្រើន​​លើក​ច្រើនសារ​ជាមួយ​​​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ីនៅរដ្ឋ Sarawak។

ពលករទាំង៣នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៧:៣៥ នាទី តាមជើងយន្តហោះ MH 2715

1. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមជួយស្រ្តីខ្មែរម្នាក់ឈ្មោះ ..អាយុ២៤ឆ្នាំ មកពីស្រុកស្អាង ខេត្តកណ្តាល ដែលរងគ្រោះដោយការជួញដូរ។ នាងត្រូវបាន​​ ​មេ​ខ្យល់​បោកបញ្ឆោតនាំធ្វើដំណើរកាត់តាមប្រទេសវៀតណាម ចូលទៅប្រទេសចិនដោយខុសច្បាប់ ហើយ ​​បាន​រៀបការ​ជាមួយបុរស​ជនជាតិចិននៅខេត្តហូណាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៦។  នៅថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០១៧ នាង​បាន​ស្នើសុំស្ថានអគ្គកុងស៊ុល ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ស្រ្តីរងគ្រោះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥:៣០នាទីរសៀល តាមជើងយន្តហោះK6669 ៕    

                                                               ភ្នំពេញ, ថ្ងៃទី​ ០៧ ខែ មេសា ឆ្នាំ ២០១៧