សេចក្តីប្រកាសព័ត៌មាន

  • ខែ​តុលា 3, 2016

ស្ថានតំណាង​កម្ពុជាប្រចាំ​ប្រទេសចិន​ជួយសង្គ្រោះស្ត្រីខ្មែរ៣នាក់​

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយប៉ូលីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះ១នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត ដោយសន្យាជួយរកប្តីជនជាតិចិនដែលមានជីវភាពធូរធាររៀបការជាមួយ។

នារីរងគ្រោះ រ.ស.ភ មកពីខេត្តកំពង់ចាម បានធ្វើដំណើរចាកចេញពីកម្ពុជាតាមច្រកព្រំដែនបាវិត នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៦ ចូលទៅប្រទេសចិនដោយខុសច្បាប់ តាមច្រករបៀង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានប៉ូលីសក្រុង Leping ឃាត់ខ្លួន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦។ ប៉ូលីសចិនពុំបានឃុំខ្លួនស្រ្តីខ្មែរខាងលើទេ ដោយសារនាងទើបសម្រាលកូន កាលពីខែសីហា ឆ្នាំ២០១៦ (នាងមានផ្ទៃពោះ៣ខែ ពេលចាកចេញពីកម្ពុជា)។

ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) រៀបចំបែបបទធ្វើដំណើរ និងទិញសំបុត្រយន្តហោះ ហើយស្រ្តីខ្មែរខាងលើ និងកូនស្រី បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២៣:៣០នាទី តាមជើងយន្តហោះលេខ CZ323

២- ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សហការជាមួយអាជ្ញាធរចិនបានអន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះ២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតមករៀបការជាមួយបុរសជនជាតិចិន។

១-ឈ្មោះ ឈ.ថ. អាយុ ២៩ឆ្នាំ មកពីខេត្តព្រៃវែង

២-ឈ្មោះ ឌ.ណ អាយុ ១៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង

ស្ត្រីទាំងពីរ ត្រូវបានមេខ្យល់នាំចូលមកប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម និងរស់នៅជាមួយប្តី ក្នុងខេត្តអានហួយ និងខេត្តជឺជាំង ដោយពុំមានការចុះលិខិតអាពាហ៍ពិពាហ៍។ នារីទាំងពីរត្រូវបានប្តីជនជាតិចិនវាយធ្វើបាប និងបិទសិទ្ធិសេរីភាព។

ស្ត្រីទាំងពីរ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង :៣០នាទី ទៀបភ្លឺ តាមជើងយន្តហោះលេខ K6 867

             ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០១៦