សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 23, 2016

ស្ថានទូតកម្ពុជាដោះស្រាយករណីពលករខ្មែរ ១៩ នាក់ត្រូវចាប់ឃុំខ្លួននៅខេត្ត Narathiwat

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងករណីពលករខ្មែរ១៩នាក់ ត្រូវចាប់ឃុំខ្លួននៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) កាលពីថ្ងៃទី ៧ មិថុនា ២០១៦ ពីបទចូលមកប្រទេសថៃ និងធ្វើការខុសច្បាប់ ដូចខាងក្រោម៖

  • ក្រោយពីមានអន្តរាគមន៍ពីស្ថានទូតឲ្យដោះលែងពលករទាំងនេះ ដោយសារពួកគាត់ជាជនរងគ្រោះចាញ់បោកមេខ្យល់ ពលករ១៨នាក់ក្នុងចំណោមពលករខាងលើ ត្រូវបានផ្ទេរទៅមន្ទីរថែរក្សាជនរងគ្រោះពីការជួញដូរមនុស្ស ខេត្តណារ៉ាធីវ៉ាត់ ។
  • ករណីពលករឈ្មោះ ប៊ុន ឡា ត្រូវជាប់ចោទបទល្មើសបន្ថែមទៀត ដោយមានថ្នាំញៀន អំហ្វេតាមីនចំនួន ៣០០គ្រាប់ ត្រូវនៅបន្តជាប់ឃុំក្នុងពន្ធនាគារខេត្តដដែល។
  • សមត្ថកិច្ចថៃ ក៏បានចាប់ខ្លួនជនសង្ស័យជាមេខ្យល់ផងដែរ។
  • នៅថ្ងៃទី ១៦ កញ្ញា ២០១៦ កន្លងទៅនេះ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកកិច្ចការពលកររបស់ស្ថានទូតកម្ពុជា រួមដំណើរដោយញាតិមិត្តរបស់ពលករខាងលើ បានចុះទៅសួរសុខទុក្ខពួកគាត់ចំនួន១៨នាក់។ ក្នុងឱកាសជំនួបនេះ ស្ថានទូតទទួលបានព័ត៌មានថ្មីថាពលករទាំងអស់មិនបានទទួលប្រាក់កំរៃពលកម្មទេ ក្នុងអំឡុងពេលធ្វើការងារដោយបង្ខំនៅលើទូក។ តាមសំណើរបស់មន្រ្តីស្ថានទូត សមត្ថកិច្ចប៉ូលីសថៃបានឯកភាពបញ្ចូលចំណុចនេះនៅក្នុងកំណត់ហេតុរបស់ប៉ូលីសបញ្ជូនទៅតុលាការ ដើមី្បទាមទារការទូទាត់សំណងដល់ពលករទាំងអស់។ ស្ថានទូត នឹងស្នើការិយាល័យការពារសិទ្ធនិងអត្ថប្រយោជន៍ពលករនៃមន្ទីរការងារខេត្តណារ៉ាធិវ៉ាត់ ឲ្យជួយអន្តរាគមន៍ជំរុញសំណុំរឿងប្តឹងទាមទារសំណងនេះផងដែរ។ 

ដោយឡែក កាលពីថ្ងៃទី ២០កញ្ញា ២០១៦ ស្ថានទូតបានចាត់ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាពលករ ទៅជួបជាមួយលោកឧត្តមសេនីយ៍ឯក Sanit Mahathavorn ស្នងការស្តីទីប៉ូលីសក្រុងបាងកក ដែលជាអ្នកទទួលខុសត្រូវចាត់វិធានការលើករណីជួញដូរមនុស្សខាងលើនេះ ដើម្បីស្នើសុំជំរុញដំណើរការកាត់កី្ត ឲ្យជនរងគ្រោះឆាប់បានវិលត្រឡប់ទៅស្រុកវិញ។

       ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦